Make snow

Sunday, February 12, 2012

ផ្លែឈើ ១៣ ប្រភេទ​ដែល​ចាស់​បុរាណ​មានជំនឿថា​មិនល្អ សម្រាប់​ប្រគេន​ព្រះសង្ឃ​

ជំនឿ​អ​រូបិយ​មួយ បានធ្វើ​ឲ្យ​ចាស់​បុរាណ​កាន់សាសនា​ព្រះពុទ្ធ​ភាគច្រើន ជឿថា ប្រសិនបើ​អ្នក​ចង់​ធ្វើ​ពិធីបុណ្យ​សុំ​សេចក្តីសុខ​ចម្រើន សម្រាប់​ឈាន​ចូលឆ្នាំថ្មី ដើម្បី​ឲ្យ​រកស៊ី​មានបាន ផ្លែឈើ ១៣ ប្រភេទ​ខាងក្រោម​នេះ មិនត្រូវ​យកទៅ​ប្រគេន​ព្រះសង្ឃ​ជាដាច់ខាត​។​

​    ​១- ពុទ្រា​
​     ​គេ​មានជំនឿថា សមិទ្ធផល​ដែល​កើតចេញពី​ការខិតខំ​ប្រឹងប្រែង នឹង​ល្អ​តែ​ក្នុងអំឡុងពេល​ដំបូងៗ បន្ទាប់ពី​នោះមក ក៏​ចេះតែ​ធ្លាក់ចុះ​បរាជ័យ ប្រឹង​យ៉ាងណា​ក៏​មិន​ទៅមុខ​រួច​។​
​    ​២- ផ្លែ​ស្ពឺ​
​     ​គេ​មានជំនឿថា នឹង​កើតមាន​ភាព​អត្តខាត់ (​ភាពខ្វះខាត​, មិនសូវ​បរិបូណ៌​) ផ្នែក​ណាមួយ ដូចជា​វិស័យ​ការងារ វិស័យ​ហិរញ្ញវត្ថុ ឬ ប្រសិនបើ​អត្តខាត់​ផ្នែក​សេ្ន​ហា គឺ​មិនអាច​ចែចង់​អ្នកណា​បានឡើយ ឬក៏​ខូចចិត្ត​ព្រោះ​សេ្ន​ហា​មិនបាន​សមបំណង​។​
​    ​៣- ផ្លែ​ល្មុត
​     ​គេ​មានជំនឿថា ស្នាដៃ ឬ សមិទ្ធផល​ដែល​អ្នក​ខំប្រឹងប្រែង ត្រូវបាន​គេ​មើលរំលង ប្រឹង​ធ្វើ​ល្អ​យ៉ាងណា​ក៏​មិន​ទទួលបាន​លទ្ធផល​ដែរ​។​
​    ​៤- មង្ឃុត​
​    ​គេ​មានជំនឿថា សមិទ្ធផល​ដែល​កើតចេញពី​ការខិតខំ​ប្រឹងប្រែង នឹង​ដាច់ៗ រកេតរកូត គ្មាន​លក្ខណៈ​ល្អឥតខ្ចោះ​។​
​    ​៥- ផ្លែ​ភ្ញៀវ
​     ​គេ​មានជំនឿថា សមិទ្ធផល​ដែល​កើតចេញពី​ការខិតខំ​ប្រឹងប្រែង ច្រើនតែ​មិនមាន​គុណភាព ពីព្រោះ​ត្រូវធ្វើ​បែប​ប្រញាប់ប្រញាល់ ដូច​មាន​ភ្លើង​ដុត​រោល​គូទ​រាល់​លើក​យ៉ាង​ដូច្នោះ​។​
​    ​៦- ផ្លែទៀប​
​    ​គេ​មានជំនឿថា បើ​នឹងធ្វើ​កិច្ចការ​អ្វីមួយ តែងមាន​ឧបសគ្គ​មករា​រាំង​រហូត ស្ទើរតែ​មិនបាន​ដកដង្ហើម​តែម្តង​។​
​    ​៧- ផ្លែ​លាំងសាត​
​     ​គេ​មានជំនឿថា ការងារ​ដែល​ធ្វើ​នឹងមិន​រលូន​ល្អ ចេះតែ​រាំងស្ទះ រហូត​ទាល់តែ​គួរ​ឲ្យ​ឈឺក្បាល​។ លាំងសាត ជា​ឈ្មោះ​ឈើ​មួយ​ប្រភេទ ផ្លែ​ជាប់​គ្នា​រដឹក​ចេញពី​ស្មែង​សម្បក​ផ្លែ​ស្តើង​សម្បុរ​-​ស សាច់​ជា​ក្លែបៗ​ដូច​បង្គៅ តែ​ជ្រាយ​ជាង​បង្គៅ​បន្តិច មាន​រសផ្អែម​លាយ​ជូរ​តិចៗ​, បរិភោគបាន​, គ្រាប់​មាន​រស​ល្វីង​។​
​    ​៨- ផ្លែ​ព្នៅ
​     ​គេ​មានជំនឿថា មិន​គ្រាន់តែ​ធ្វើ​អ្វី​មិន​ទទួលបាន​លទ្ធផល​ល្អ​ទេ ប៉ុន្តែ​ថែមទាំង​មាន​គេ​គ្រវីក្បាល​ដាក់ ពីព្រោះ​សមិទ្ធផល​កើតចេញពី​ការខិតខំ មិន​ចូល​ភ្នែក​គណៈកម្មការ​សោះ​។​
​    ​៩- ផ្លែ​ខ្វិត​
​     ​គេ​មានជំនឿថា មិនគួរ​យក​ផ្លែ​ខ្វិត​ទៅ​ប្រគេន​ព្រះសង្ឃ​ទេ បើ​មិន​ដូច្នេះ​ទេ ឧបករណ៍​រកស៊ី​ទាំងឡាយ​នឹង​បាត់បង់ ខ្វះ​នេះ​ខ្វះ​នោះ​រហូត​។​
​    ​១០- ផ្លែ​ចាក
​     ​គេ​មានជំនឿថា ទោះបីជា​បាន​សមិទ្ធផល​ល្អ ប៉ុន្តែ​មិន​ស្ថិតស្ថេរ​ឡើយ អាច​ត្រូវគេ​ដណ្តើមយក ឬមួយ​មិត្តភក្តិ​ក្នុង​ក្រុម​ឈ្លោះទាស់ទែង​គ្នា រហូត​ទាល់តែ​បែកខ្ញែក​គ្នា​។​
​    ​១១- ផ្លែ​ទម្លាប់
​     ​គេ​មានជំនឿថា សមិទ្ធផល​ដែល​កើតចេញពី​ការខិតខំ​ប្រឹងប្រែង នឹង​ត្រូវគេ​ត្រាំ​ដាក់​ថតតុ ក្លាយទៅជា​កាកសំណល់​ហ្វូ​ស៊ី​ល​ទៅ​អនាគត​។​
​    ​១២- ផ្លែ​សេ​ដា​
​     ​គេ​មានជំនឿថា ទោះបីជា​ជីវិត​មិនមាន​រឿង​អ្វី​ឲ្យ​ចំបែងចិត្ត​ក្តី ប៉ុន្តែ​មិនដឹង​ហេតុអ្វី​បានជា​គេ​ចេះតែ​រួញរា ធុញទ្រាន់ ខ្ជិល​ធ្វើ​កិច្ចការ​ទាំងអស់​។​
​    ​១៣- ផ្លែ​រកាំ​
​    ​គេ​មានជំនឿថា ជីវិត​នឹង​គ្រាំគ្រា រកាំចិត្ត ការងារ​ដែល​ធ្វើ​នឹង​បរាជ័យ អាច​និយាយបានថា​មិនល្អ​តែម្តង​៕
ដកស្រង់ចេញពីគេហទំព័រ រស្មីកម្ពុជា

No comments:

Post a Comment