តាម ធម្មតាបុរស ឬយុវជនដែលមានសុជីវធម៌ ត្រូវតែជូនផ្កាដល់នារីឱ្យបានញឹកញយនៅពេលបុណ្យទាន ថៃ្ងខួបកំណើត ឬពិធីជប់លៀងផ្សេងៗ ដើម្បីជាសក្ខីភាពឱ្យនារីយល់ដឹងពីជម្រៅទឹកចិត្តរបស់ខ្លួន ។ ក៏ប៉ុន្តែការយកបាច់ផ្កាទៅជូននារីមិនមែនចេះតែទិញពីផ្សារកាន់យក ទៅជូនឱ្យតែរួចពីដៃនោះទេ ព្រោះបុប្ផានីមួយៗសុទ្ធតែមានន័យទៅតាមប្រភេទរបស់វា ហេតុដូច្នេះហើយបុរស និងយុវជនគប្បីយល់ដឹងពីអត្ថន័យ ឬក៏ភាសារបស់បុប្ផា មុននឹងយកទៅជូននារីណាម្នាក់ដែលខ្លួនពេញចិត្ត ហើយក៏ដើម្បីឱ្យនារីនោះយល់ដឹងពីទឹកចិត្តរបស់ខ្លួនផងដែរ ។
បើដូច្នោះបុរស និងនារីគួរតែស្វែងយល់ឱ្យបានដឹងច្បាស់ពីភាសារបស់បុប្ផា មុននឹងយកទៅជូនគេ ឬក៏ទទួលយកបុប្ផាដែលគេជូនដល់ខ្លួន ។ បុប្ផាដែលរៀបរាប់នៅខាងក្រោមនេះមានភាគច្រើនដែលដាំដុះ នៅក្នុងប្រទេសកម្ពុជារបស់យើង ហើយខ្លះទៀតមានតែនៅបរទេសទេ តែរូបរាងនិងភិនភាគរបស់ផ្កាទាំងនោះស្រដៀងនឹងផ្កាដែលដុះនៅ ស្រុកយើងដែរ ដែលសមល្មមនឹងយកអត្ថន័យរបស់បុប្ផាទាំងនោះមកជំនួសឱ្យផ្កាដែលដុះ ក្នុងស្រុកខ្មែរយើងវិញ ព្រោះថាបើដាក់ឈ្មោះជាភាសាបរទេសនាំឱ្យពិបាកយល់ ហើយយើងក៏ពុំធ្លាប់ស្គាល់ផង ។
ចំពោះផ្កាកុលាបមានច្រើន ពណ៌ ច្រើនបែប ហើយគេរមែងចូលចិត្តគ្រប់ៗគ្នា សូមអញ្ជើញបុរស និង យុវជនទាំងឡាយយកផ្កាកុលាប ឬក៏ផ្កាអ្វីដែលខ្លួនចូលចិត្ត ហើយមានន័យដ៏ជ្រាលជ្រៅធំធេងទៅជូននារីដែលយើងស្រឡាញ់ពិតជាមិនខុស បំណងប្រាថ្នាឡើយ ។
ផ្កាកុលាបតែងតំណាងឱ្យសេចក្តីស្នេហា និងសោភ័ណភាពរូបសម្ផស្សរបស់នារី ។
- ផ្កាកុលាបវល្លិដែលដុះវារឡើងទ្រើង ពណ៌ស ឬផ្កាឈូក = សេចក្តីសង្ឃឹម
- ផ្កាកុលាបពណ៌ស = ស្នេហាយ៉ាងស្ងប់សា្ងត់
- ផ្កាកុលាបពណ៌ក្រហម = រូបសម្ផស្សស្រស់ត្រកាល
- ផ្កាកុលាបពណ៌ផ្កាឈូក = រូបសម្ផស្សនៅតែក្មេងខ្ចី ស្រស់ល្អជានិច្ច
- ផ្កាកុលាបពណ៌លឿងខ្ចី = ចិត្តវៀចវេរមិនស្មោះត្រង់
- ផ្កាកុលាបពណ៌លឿងទុំ = សុភាពរាបសាគួរឱ្យស្រឡាញ់
- ផ្កាកុលាបដុះនៅក្នុងព្រៃ = រូបសម្ផស្សល្អតែចិត្តសាវា
- ផ្កាកុលាបពណ៌កាំម្ញី (ពណ៌ក្រហមក្រមៅ) = ស្នេហាយ៉ាងឆ្កួតវង្វេងត្រេកត្រអាល
- ផ្កាកុលាបក្រពុំ (ទោះជាពណ៌អ្វីក៏ដោយ) = តំណាងឱ្យនារីក្រមុំព្រហ្មចារី
- ផ្កាកុលាបដែលរុះរោយ = តំណាងឱ្យរូបសម្ផស្សដែលរុះរោយបាត់បង់សោភ័ណភាព
- ផ្កាម៉ោងដប់ = ចូលចិត្តឱ្យគេស្រឡាញ់ ឬចូលចិត្តតុបតែងខ្លួន
- ផ្កាប៉ៃលិន = ក្តីស្រមៃតែឯងឯកា
- ផ្កាក្រដាស = ចិត្តជាប់ជំពាក់ស្នេហ៍
- ផ្កាសេប៉ារា = សេចក្តីស្នេហាដ៏ទន់ភ្លន់ផ្អែមល្ហែម
- ផ្កាឈូក = ក្តីស្នេហ៍ដ៏បរិសុទ្ធជាទីសក្ការៈ
- ផ្ការំចង់ = ព្រងើយកន្តើយ
- ផ្កាចន្ធូ = ក្តីស្នេហ៍ដែលមានអានុភាពដ៏អស្ចារ្យ ក្តីបរិសុទ្ធឥតវៀចវេរ
- ផ្កាម្លិះ = មានសមានចិត្តយ៉ាងត្រេកត្រអាល
- ផ្កាឈូករ័ត្ន = ស្នេហាអមតៈ
- ផ្កាត្របែកព្រៃ = ភក្តីភាពក្នុងអពមង្គល និងអស់សង្ឃឹម
- ផ្កាណាគ្រី = សុភមង្គល
- ផ្កាសារិកា = កុំភ្លេចខ្ញុំ
- ផ្កាកោ្ងក = ច្របូកច្របល់មិនច្បាស់លាស់
- ផ្កាស្នោ = មិត្តភាពយូរអង្វែង
- ផ្កាទូលីបពណ៌លឿង = ស្នេហាអស់សង្ឃឹម
- ផ្កាទូលីបពណ៌ក្រហម = សារភាពសេចក្តីស្នេហា
- ផ្កាដង្កូវ = ចិត្តកំណាញ់ចង្អៀតចង្អល់
- ផ្កាវីយ៉ូឡែត = ស្នេហាលាក់ទុកក្នុងចិត្ត
- ផ្កាគគីរ = ស្នេហាពិតប្រាកដជាក់លាក់ចង់បានធ្វើជាគូអនាគត
- ផ្កាព្រីង = គួរប្រុងប្រយ័ត្ន
- ផ្កាត្រកួន = នឹកក្រែងរអែងចិត្ត
- ផ្កាអ៊ូ (មានស្លឹកពណ៌បៃតងព័ទ្ធជុំវិញ ស្លឹកពណ៌ក្រហមនៅកណ្តាល) = គ្មានមេត្តា
- ផ្កាអើយ៉េ = ស្នេហាយ៉ាងស្និទ្ធស្នាល
- ផ្កាក្រចកដៃ = ប្រកបដោយសមានចិត្ត
- ផ្កាមាលតី = ក្តីស្រឡាញ់ដែលបែងចែកឱ្យអ្នកដទៃ
- ផ្កាដាលីយ៉ា = ចងចាំដឹងគុណមិនភ្លេច
- ដើមព្រះខ្លប = ស្អប់ខ្ពើមច្រណែននិន្ទា
- ដើមមុខសេះ (ជ័រសម្រាប់លាបដំបៅ) = ព្រួយបារម្ភ
- ដើមកន្ទុយដំរី = កាន់ទុក្ខ ចូលរួមរំលែកទុក្ខ
- ដើមធ្មៃ ក្រចៅ = អំពើល្អដែលមិនសាបសូន្យ - មែកអូលីវ = តំណាងឱ្យសន្តិភាព
- ផ្កានួនស្រី = ស្នេហាអៀនប្រៀន
- ផ្កាយីហ៊ុប = ស្នេហាអៀនប្រៀន ចិត្តនៅតែស្នេហ៍ជារៀងរហូត
- ផ្កាស្បៃរឿង = ភ្លើងស្នេហ៍ឆាបឆួល
- ផ្កាដកខឹម = ចិត្តមានះរឹងរូស
- ផ្កាចំប៉ា = នឹកខ្ញុំកុំភ្លេចណា៎ !
- ផ្កាចំប៉ី = អនុស្សាវរីយ៍មិនអាចបំភ្លេចបាន
ដកស្រង់ចេញពីគេហទំព័រ chanbokeo.com
No comments:
Post a Comment