ដំណាំម្រះ ដែលមានដាំដុះនៅកម្ពុជាមាន ២ ប្រភេទ គឺពពួកមានផ្លែតូចខ្លី ពណ៌បៃតងចាស់ និងពួកផ្លែវែងពណ៌បៃតងខ្ចី ។ ម្រះទាំង ២ ប្រភេទសុទ្ធតែមានជាតិល្វីងហើយត្រូវបានគេនិយមប្រើជាបន្លែ ។
ប្រភពឯកសារផ្សេងៗបានបង្ហាញថា នៅក្នុងម្រះ មានសារធាតុរ៉ែ និងវីតាមីនជាច្រើន ដូចជា វីតាមីនសេ វីតាមីនបេ (B1 និង B2) សារធាតុហ្វូសហ្វ័រ កាល់ស្យូម ម៉ាញ៉េស្យូម ជាតិដែក ។ល។ ដែលសុទ្ធសឹងតែមានផលប្រយោជន៍ល្អដល់សុខភាព ។
តាមប្រភពឯកសារផ្សេងៗ ផលប្រយោជន៍ សំខាន់ដល់សុខភាពអាចមានដូចជា :
-ជម្ងឺទឹកនោមផ្អែម : ម្រះមានសារធាតុម្យ៉ាង ដែលអាចជួយកុំឲ្យជាតិស្ករកើតឡើងខ្លាំងក្នុងឈាម និងទឹកនោម ។
-ថាមពល : ការបរិភោគទឹកម្រះទៀងទាត់ជួយឲ្យយើងមានថាមពល និងកម្លាំងខ្លាំងក្លា ។
-ស្រវឹងស្រា : កាត់បន្ថយជាតិពុលក្នុងខ្លួន និងភាពស្រវឹងតាមរយះការបរិភោគទឹកស្លឹកផ្លែម្រះ ។
-ឫសដូងបាត : ការបរិភោគទឹកស្លឹក និងផ្លែម្រះ ជួយព្យាបាលជម្ងឺឫសដូងបាត ។
- ប្រព័ន្ធដកដង្ហើម : ឫសម្រះបុកឲ្យម៉ដ្ឋ ឬទឹកស្លឹក ឬផ្លែម្រះលាយជាមួយទឹកឃ្មុំក្នុងបរិមាណមួយកូនស្លាបព្រាដូចគ្នា ពេលបរិភោគអាចព្យាបាលជំងឺហឺត និងរលាកទងសួត (ត្រូវហូបរយៈពេល ១ខែ ) ។
-អាសន្នរោគ : នៅដំណាក់កាលដំបូងនៃជម្ងឺអាសន្នរោគ គេលាយទឹកស្លឹកម្រះ ២កូនស្លាបព្រា ជាមួយទឹកខ្ទឹមបារាំង ២កូនស្លាបព្រា និងទឹកក្រូចឆ្មារ មួយកូនស្លាបព្រាសំរាប់ឲ្យអ្នកជម្ងឺបរិភោគរាល់ថ្ងៃរហូតដល់ជា ។
-លាងជាតិពុលចេញពីខ្លួន : ក្រេបទឹកផ្លែម្រះចំនួន ២ កូនស្លាបព្រារាល់ថ្ងៃ ជួយសំអាតជាតិពុលចេញពីថ្លើម ។
-ប្រព័ន្ធការពារខ្លួន : ការបរិភោគម្រះ ឬទឹកម្រះជួយឲ្យរាងកាយយើងអាចការពារទប់ទល់នឹងជម្ងឺផ្សេងៗបានល្អប្រសើរ ។
- បញ្ហាទាក់ទងភ្នែក : ការហូបម្រះធ្វើឲ្យភ្នែកភ្លឺបានល្អ និងកាត់បន្ថយបញ្ហាផ្សេងៗ ដែលកើតឡើងចំពោះភ្នែក ដោយម្រះសំបូរទៅដោយសារធាតុ បេតាការូតែន (Beta Carotene) និងសារធាតុផ្សេងៗទៀត ។
-ការរំខានដោយចរន្តឈាម : ក្រេបទឹកម្រះ (ចំនួនប្រហែល ៥០ក្រាម) លាយជាមួយទឹក ឬទឹកក្រូចឆ្មារពេលក្រពះនៅទំនេរ អស់រយៈពេល ៤ ទៅ ៦ខែ នឹងជួយឲ្យចរន្តឈាមរត់បានល្អ សំអាតជាតិពុលពីខ្លួន ដែលកាត់បន្ថយបញ្ហាទាក់ទង ការរមាស់ និងពងខ្ទុះ ។
សូមបញ្ជាក់ថា ផលប្រយោជន៍ដល់សុខភាពដូចបានរៀបរាប់ខាងលើនេះវាទាមទារឲ្យមានការ ពិសោធន៍ជាលក្ខណៈវិទ្យាសាស្ត្រឲ្យបានដិតដល់ថែមទៀត ។តែទោះជាយ៉ាងណា គួរបរិភោគបន្លែម្រៈទៀងទាត់ក្នុងបរិមាណសមរម្យមួយ វាអាចចូលរួមចំណែកជួយឲ្យលោកអ្នកមានសុខភាពល្អ កម្លាំងមាំមួន ៕
No comments:
Post a Comment