Make snow

Thursday, March 29, 2012

ស៊ុប​មាន់​៖ អាហារ​សំរាប់​សុខភាព​រាងកាយ និង​ផ្លូវចិត្ត

ដាក់​សាច់​មាន់​ទៅក្នុង​ឆ្នាំង​ដែល​មាន​ទឹក ដាក់​ខ្ទឹមបារាំង ការ៉ុត គ្រាប់​ម្រេច និង​អំបិល​ចូល​បន្តិច​។ ចំអិន​ទាល់តែ​សាច់​ផុយ​ល្អ ហើយ​ត្រង រួច​ដួស​ខ្លាញ់​ចេញ​។ អ្នក​អាច​អោយ​សាច់មាន់ និង​បន្លែ ដែល​ចំអិន​រួច​នេះ​ទៅ​អ្នកណា ដែល​ឃ្លាន​ញ៉ាំ​បាន​ហើយ​។ បង់​ម្ទេស​មួយ​ផ្លែ រួច​បង់​ខ្ទឹម​កន្លះ​ក្លែប ព្រមទាំង​ក្រូចឆ្មារ​មួយ​ចំណិត​ទៅក្នុង​ទឹក​ស៊ុប​នេះ​។ ញ៉ាំ​ស៊ុប​នេះ​ក្តៅៗ ដោយ​ស៊ុប​នេះ​អាច​ជួយ​ព្យាបាល​ផ្តាសាយ​ធម្មតា​បាន​។​
​តើ​ស៊ុប​នេះ​ជា​អាហារ​ប្រពៃណី​ដែល​លោកយាយ​ចាស់ៗ​ចូលចិត្ត​ហ្អេ៎​? មិនមែន​ដូច្នេះ​ទេ​។ រូបមន្ត​នេះ​គឺ​បង្កើតឡើង​ដោយ ផល្លី​ន អឹម ជែក​សិន ដែល​ជា​គ្រូពេទ្យ​ម្នាក់ និង​ជា​សមាជិក​ម្នាក់​នៃ​ក្រុមប្រឹក្សានាយក នៅ​ឯ​មជ្ឃមណ្ឌល​វេជ្ជសាស្ត្រ ហ្គា​ន់​ដឺ​សុន លូ​ធើ​រេ​ន នៅឯ​ទីក្រុង La crosse រដ្ឋ Wisconsin និង​ជា​អ្នក​ដែល​ជឿជាក់​យ៉ាង​មុតមាំ​ទៅលើ​សារប្រយោជន៍​របស់​ស៊ុប​មាន់​ចំពោះ ​សុខភាព​។ គាត់​បាន​និយាយថា “​ស៊ុប​នេះ​ក្តៅៗ​មាន​រសជាតិ​ឆ្ងាញ់ និង ធ្វើអោយ​អ្នក​នឹកឃើញ​ដល់​ម្តាយ​របស់​អ្នក​”​។​
​វេជ្ជបណ្ឌិត​ជែក​សុន បាន​និយាយថា​” យើង​មិន​ត្រូវការ​ក្រុម​អ្នកជំនាញ​ប្រាប់​យើង​ថា​ស៊ុប​មាន់​នេះ អាច​ជួយ​អោយ​ស្រាក​ស្រា​ន​នៅពេលដែល​យើង​ឈឺ​ទេ​។ ជាក់ស្តែង ភស្តុតាង​នានា​បានបង្ហាញ​ថា ស៊ុប​នេះ​គឺ​លើស​ពី​អាហារ​ដែល​ធ្វើអោយ​មាន​អារម្មណ៍ល្អ​ទៅទៀត​។ នៅពេលដែល​យើង​មាន​អាការៈ​តឹង​ច្រមុះ និង​ហៀរ​សំបោរ​ដោយសារ​ផ្តាសាយ​រឺក៍​ការឆ្លង​មេរោគ​ផ្លូវដង្ហើម​ផ្នែក ខាងលើ ស្ទើរតែ​គ្មាន​ថ្មាំ​ណា​មាន​ប្រសិទ្ធិភាព​ដូច​ស៊ុប​មាន់​ទេ​។​
​ដកដង្ហើម​បាន​ស្រួល​
​ការសិក្សា​ពី​មុន​អំពី​ស៊ុប​មាន់​ត្រូវបាន​ធ្វើឡើង​ក្នុង​ឆ្នាំ ១៩៧៨ ដោយ​អ្នកជំនាញ​ផ្នែក​សួត​បី​រូប មក​ពី​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ ម៉ោន ស៊ី​ណាយ ទីក្រុង Miami រដ្ឋ Florida​។ ដោយ​បាន​ចាប់អារម្មណ៍​ពី​គុណភាព​ដ៏​ពិសេស​ក្នុងការ​ព្យាបាល​និង​ការ​បញ្ចូល​ គ្នា​នៃ​គ្រឿងផ្សំ​ដែល​មានឱជារស ពួកគាត់​បាន​ឲ្យ​មនុស្ស​១៥​នាក់ សាក​ស៊ុប​មាន់ ទឹ​កក្តៅ និង​ទឹក​ត្រជាក់​។ បន្ទាប់មក ពួក​គាត់​ធ្វើការ វាស់​ស្ទង់​ថា​សំបោរ​និង​ខ្យល់​ហូរ​តាម​ច្រមុះ​មនុស្ស​១៥​នាក់​នោះ​បាន​លឿន​ ប៉ុណ្ណា​។ លទ្ធផល បង្ហាញថា ស៊ុប​មាន់​ជួយ​សំរួល​ដល់​ការ​តឹង​ច្រមុះ​បានល្អ​ជាង​ទឹ​កក្តៅ និង​ទឹក​ត្រជាក់​។​
​អ្នកស្រាវជ្រាវ​គិតថា​ស៊ុប​មាន់​ប្រហែលជា​អាច​ធ្វើអោយ​ស្រាកស្រាន្ត​ នូវ​រោគសញ្ញា ផ្តាសាយ ពីព្រោះ​តែ​កំដៅ​អាច “​បង្កើន​នូវ​ល្បឿន​លំហូរ​របស់​សំ​បោរ​”​។ និយាយ​ម្យ៉ាងទៀត​ថា​គឺ​ធ្វើអោយ​អ្នក​ហូរ​សំបោរ​អាច​កាត់បន្ថយ​ពេលវេលា​ដែល​ មេរោគ​ផ្តាសាយ​ចំណាយ​ពេល​នៅ​ក្នុង​ច្រមុះ​របស់​អ្នក ហើយ​ជួយ​អ្នក​អោយ​សះស្បើយ​យ៉ាង​ឆាប់រហ័ស​។​
        ចុះ​ហេតុអ្វី​បានជា​ទឹក​ក្តៅ​មិន​ជួយ​បំបាត់​ផ្តាសាយ​បានល្អ​ដូច​ស៊ុប​មាន់​ ? អ្នកស្រាវជ្រាវ​និយាយថា អាថិ៍កំបាំង​នៃ​ការ​សះស្បើ​យរបស់​ស៊ុប​មាន់ គឺ​ស្ថិតនៅត្រង់​ក្លិន និង​រសជាតិ​ដ៍​ពិសេស ដែលមាន​ផ្ទុក​នូវ​សារធាតុ​បន្ថែម​ក្នុងការ​បង្កើនល្បឿន​លំហូរ​របស់​សំបោរ​”​ ។ ប៉ុ​នែ្ត​ត្រង់​ថា​សារធាតុ​នេះ​ជា​អ្វី​នោះ​គឺ​នៅតែ​ជា​អាថិ៍កំបាំង​នៅឡើយ​។ ​
​នៅ​ពេល​ថ្មីៗ​នេះ Stephen Rennard ជា​វេជ្ជបណ្ឌិត និង​សាស្ត្រាចារ្យ​នៅ ដេប៉ា​ដេ​ម៉ង់ វេជ្ជសាស្ត្រ​ផ្ទៃក្នុង​នៃ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​នៅ​ទីក្រុង Omaha បាន​ភ្លក្ស ស៊ុប​មាន់ ដែល​បាន​ធ្វើ​ដោយ​ប្រពន្ធ​គាត់​តាម​រូបមន្ត​របស់​លោកយាយ​នាង​។ គាត់​បាន​រកឃើញថា ស៊ុប​នេះ​អាច​កាត់បន្ថយ​នូវ​សកម្មភាព​របស់​ណឺត្រូ​ភី​ល ជា​កោសិកា​ឈាម​ស ដែល​តែងតែ​សំបូរ​នូវ​តំបន់​ដែល​រលាក និង​អាច​បង្ក​រោគសញ្ញា​ផ្តាសាយ ដូច​ជា​ការ​រលាក​ផ្លូវដង្ហើម និង​ការបង្កើត​សំ​បោរ​។​
Irwine Ziment ជា​វេជ្ជបណ្ឌិត និង ជា​អតីត​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ កាលីហ្វ័​រញ៉ា ក្រុង​ឡូ​ស​អែន​ចេ​លឹស បាន​មានប្រសាសន៍ថា អ្នកស្រាវជ្រាវ​ក៏​សង្ស័យ​ផងដែរ​ថា​ផ្នែក​មួយ​នៃ​ឥទ្ធិពល​ក្នុងការ​ ជាសះស្បើយ​ដែល​បាន​ពី​ស៊ុប​មាន់ គឺ​ស្ថិតនៅត្រង់​សាច់​មាន់​ផ្ទាល់​។ សាច់មាន់​ផ្ទុក​នូវ​សារធាតុ​ខនិជ អា​មី​ណូ អាស៊ី​ត ហៅថា ស៊ី​ស្ទេ​អ៊ីន (cystein) ដែល​មាន​លក្ខណៈ​គីមី​ស្រដៀង ទៅ​នឹង​សារធាតុ​ម្យ៉ាង​ហៅថា អា​សេ​ទីល​ស៊ី​ស្ទេ​អ៊ីន (acetylcysteine)​។ គ្រូពេទ្យ​ប្រើប្រាស់ អា​សេ​ទីល​ស៊ី​ស្ទេ​អ៊ីន ដើម្បី​ព្យាបាល​ការ​រលាក​បំពង់ខ្យល់​និង​ការឆ្លង​មេរោគ​នៅ​បំពង់​ដង្ហើម​។ គាត់​កត់សំគាល់ថា​អា​សេ​ទីល​ស៊ី​ស្ទេ​អ៊ីន​មាន​ប្រភព​មក​ពី​ស្លាបមាន់ និង​ស្បែក​មាន់​។​
​នៅ​ពេល​ថ្មី​នេះដែរ Dr. Renard បានធ្វើការ​ស្ទាបស្ទង់​លើ​គ្រូពេទ្យ​មួយ​ក្រុម​របស់​បណ្ឌិតសភា​គ្រូពេទ្យ​ អាមេរិក ហើយ​បាន​រកឃើញថា គ្រូពេទ្យ ៨៧% បាន​ឯកភាព​ថា​ការបង្កើន​សារធាតុ​រាវ​ក្នុង​ច្រមុះ​មាន​សារសំខាន់​ណាស់​ សំរាប់​អ្នក​កើត​ជំងឺ​ផ្តាសាយ​។ ពី​ភាគបី​នៃ​ក្រុម​គ្រូពេទ្យ​បាន​យល់ស្រប​ថា ការ​ញ៉ាំ​ស៊ុប​មាន់​គឺជា​វិធី​មាន​ប្រសិទ្ធិភាព​សំរាប់​បង្កើន​នូវ​សារធាតុ​ រាវ​នេះ​។​
​ប្រការ​គួរ​ចងចាំ​
​ញ៉ាំ​អោយបាន​ញឹកញាប់​៖ បើ​ផ្អែក​តាម​ការសិក្សា​របស់ Miami Beach ប្រសិទ្ធភាព​ក្នុង​ការព្យាបាល របស់​ស៊ុប​មាន់ គឺ​បាន ៣០​នាទី​។ ដូច្នេះ​យល់​ល្អ​យើង​គួរតែ​ធ្វើ​ទុក​ឲ្យ​ច្រើន​ហើយ​រក្សា​នៅ​ជិតៗ ដើម្បី​កំដៅ​ព្រោះ​យើង​ងាយស្រួល​ដាក់​ក្នុង​ពែង​ញ៉ាំ ពេល​មាន​រោគសញ្ញា​ផ្តាសាយ​កើតឡើង​។​
ជ្រើសរើស​នូវ​អ្វី​ដែល​ងាយ​៖ ប្រសិនបើ​អ្នក​អាច​អ្នក​លួងលោម​ឲ្យ​ប្រពន្ធ​រឺ ប្តី ដែល​ចេះ​យល់ចិត្ត ចំអិន​ស៊ុប​ដែល​មាន​ក្លិន​ឈ្ងុយឆ្ងាញ់​នេះ​បាន​រីករាយ​នូវ​ភាព​ស្កប់ស្កល់​ នេះ​ទៅ​។ ប៉ុ​នែ្ត Dr. Ziment និយាយថា មិនមែន​ចាំបាច់​តែ​ទឹក​ស៊ុប​ដែល​ចំអិន​នៅផ្ទះ​ទេ ស៊ុប​មាន់​កំប៉ុង​ក៏​អាច​ជួយ​ក្នុង​ការបំបាត់​ភាព​តឹង​ច្រមុះ​ផងដែរ​។​
បន្ថែម​គ្រឿង​តាម​ការ​ចូល​ចិត្ត​៖  Dr. Ziment និយាយថា បន្ថែម​គ្រឿងទេស​ទៅក្នុង​ស៊ុប​មាន់ដូចជា ខ្ទឹម មួយ​ខ្លែប ម្ទេស​ចិញ្ច្រាំ រឺក៏ ខ្ញី​ហាន់ នឹង​ជួយ បន្ថែម ឥទ្ធិពល ដែល​មិន​អាច​បិទបាំង​បានរ​បស់​ស៊ុប​មាន់​។ (ដកស្រង់ចេញពីគេហ័ទំព័រសុខភាពhttp://health.com.kh)

No comments:

Post a Comment