Make snow

Thursday, March 22, 2012

អ្នក​គួរ​ធ្វើ​អ្វីខ្លះ​ដើម្បី​ជៀសវាង​ពី​ការពុល​អាហារ​?

ករណី​ត្រូវ​រក​គ្រូពេទ្យ​
​ជាមួយ​នឹង​ករណី​ធម្មតា​នៃ​ ការពុល​អាហារ រោគសញ្ញា​ដូចជា រមូល​ពោះ រកកល​ចង់​ក្អួត ក្អួតចង្អោរ រាគ និង​វិលមុខ ច្រើន​តែ​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​មួយ​ឬ​ពីរ​ថ្ងៃ​។ ប៉ុន្តែ​បញ្ហា​ពុល​អាហារ​អាច​ជា​ករណី​គ្រោះថ្នាក់​ចំពោះ​កូន​ក្មេង​និង​ មនុស្ស​ចាស់ ឬ​អ្នក​ដែល​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ឬ​មាន​បញ្ហា​ប្រព័ន្ធ​ភាព​ស៊ាំ​។ អ្នក​ទាំង​នេះ​គួរតែ​ប្រញាប់​ទាក់ទង​គ្រូពេទ្យ​នៅ​ពេល​ដែល​ឃើញ​សញ្ញា​នៃ​ ការពុល​អាហារ​ភ្លាមៗ​។​
​បើទោះបីជា​ជា​អ្នក​មិន​ ស្ថិតក្នុង​ក្រុម​មនុស្ស​ទាំងនេះ​ក៏ដោយ អ្នក​គួរ​ប្រញាប់​រក​ពេទ្យ​ជាបន្ទាន់​ប្រសិនបើ​រោគសញ្ញា​របស់​អ្នក​កើត​ឡើង​ ជាមួយ​នឹង​៖

  •   ពិបាក​ក្នុង​លេប និយាយ ឬ​ដកដង្ហើម​, មាន​ការប្រែប្រួល​នៃ​ការមើលឃើញ សាច់ដុំ​មាន​សភាព​ខ្សោយ​ឬ​មិន​អាច​កម្រើក​បាន ជា​ពិសេស​ប្រសិនបើ​វា​កើត​ឡើង​ក្រោយពេល​ញ៉ាំ​ផ្សិត អាហារ​កំប៉ុង ឬ​ពពួក​ខ្ចៅខ្យង​។​
  •   កម្តៅ​ខ្លួន​លើសពី ៣៨​អង្សា​សេ​
  •   ការ​ក្អួតចង្អោរ​ខ្លាំង មានន័យ​ថា​អ្នក​មិន​អាច​ទប់​បាន​ដែល​សូម្បី​តែ​ទឹក​ក៏​ក្អួត​ចេញ​មក​ដែរ​
  •   រាគ​ខ្លាំង រយៈពេល​មួយ​ឬ​ពីរ​ថ្ងៃ​
  •   ចុកពោះ​មិន​ឈប់ឈរ​
  •   ខ្វះ​ជាតិ​ទឹក ដែល​អ្នក​ស្រេកទឹក​ខ្លាំង មាត់​ស្ងួត ឬ​មិន​សូវ​នោម ហើយ​នៅពេល​ដែល​អ្នក​សង្កត់​លើ​ខ្នង​ដៃ​របស់​អ្នក ស្បែក​នៅ​រក្សា​ស្នាម​សង្កត់​ដដែល​
  •   និង​រាគ​មាន​ឈាម​។​
​មិន​ត្រូវ​ឱ្យ​វា​កើតឡើង​ម្តង​ទៀត​នោះទេ​៖
​អ្នក​មិន​អាច​តែងតែ​បន្ទោស​ អាហារ​ខាងក្រៅ​ដែល​បង្ករ​ឱ្យ​អ្នក​មាន​បញ្ហា​នេះ​បាន​ទេ​។ វេជ្ជបណ្ឌិត រ៉ូ​ដ្រិ​ច និយាយថា ការពិត​ទៅ​ករណី​ពុល​អាហារ​ជាច្រើន​ករណី​ប្រហែល​បណ្តាលមកពី​ការមិន​ យកចិត្តទុកដាក់​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួនឯង​។ បើទោះជា​មាន​ចំនួន​នៃ​ការឆ្លង​បាក់តេរី Escherichia coli ធ្លាក់ចុះ ២៥​ភាគរយ និង​បាក់តេរី shigella ធ្លាក់ចុះ​៤១​ភាគរយ​ដោយសារ​កម្មវិធី​សុវត្ថិភាព​អាហារ​របស់​រដ្ឋាភិបាល​ ក៏ដោយ ប៉ុន្តែ​ជំងឺ​ពុល​អាហារ​នៅ​តែ​ទាមទារ​ឱ្យមាន​ការយកចិត្តទុកដាក់​ខ្ពស់​។​
​អនុវត្ត​តាម​ការណែនាំ​ខាង​ក្រោម​ដើម្បី​កាត់បន្ថយ​ឱកាស​ក្នុង​ការពុល​អាហារ​៖

  •   លាង​សម្អាត​ដៃ​របស់​អ្នក​ជាមួយ​នឹង​ទឹក​ក្តៅ​ឧណ្ហៗ​ហើយ​នឹង​សាប៊ូ​យ៉ាងតិច ២០​វិនាទី មុន​និង​ក្រោយ​ពេល​រៀបចំ​អាហារ​ដើម្បី​ជៀសវាង​ការចម្លង​បាក់តេរី ដូចជា staphylococcus​។ ករណី​នេះ​មាន​សារសំខាន់​ណាស់​ជាពិសេស​នៅ​មុន​និង​ក្រោយពេល​ប៉ះ​ទៅ​នឹង​សាច់​ ឆៅ​ឬ​ស៊ុត​។ ប្រសិនបើ​អ្នក​មាន​របួស​នៅ​ដៃ អ្នកគួរ​ពាក់​ស្រោមដៃ​។ អ្នក​ត្រូវ​លាង​ស្រោមដៃ​របស់​អ្នក​ឱ្យ​បាន​ញឹកញាប់​ដូចជា​លាងដៃ​ដែរ​។​
  •   ចម្អិន​ឬ​ក្លាស្សេ​សាច់​ឆៅ ព្រោះ​បាក់តេរី​មិន​អាច​លូតលាស់​បានទេ​ក្នុង​កម្តៅ​លើ ៦៦​អង្សា​សេ​និង​ក្រោម ៤​អង្សារ​សេ​។​
  •   មិន​ត្រូវ​ទុក​អាហារ​ក្នុង​សីតុណ្ហភាព​ធម្មតា​យូរ​ជាង​ពីរ​ម៉ោង និង​មិន​ត្រូវ​បរិភោគ​អាហា​រណា​ដែល​អ្នក​សង្ស័យថា​មិន​បាន​ដាក់​ក្លាស្សេ​ យូរ​ជាង​ពីរ​ម៉ោង​។​
  •   អាហារ​ឆៅ​អាច​ជា​កន្លែង​ប្រមូលផ្តុំ​បាក់តេរី​។ អ្នក​មិន​ត្រូវ​បរិភោគ​អាហារ​ឆៅ​មាន​ប្រូតេអ៊ីន ដូចជា ត្រី សត្វ​ស្លាប សាច់​សត្វ ឬ​ស៊ុត​។ អ្នក​មិន​ត្រូវ​ញ៉ាំ​ស៊ុត​ឆៅ ឬ​ស៊ុត​ដែល​មាន​ស្នាម​ប្រេះ ព្រោះ​បាក់តេរី អាច​នឹង​ជ្រៀតចូល​តាម​ស្នាម​នោះបាន​។​
  •   ទិញ​អាហារ​សមុទ្រ​ពី​អ្នក​លក់​ដែល​អ្នក​អាច​ទុកចិត្តបាន ដើម្បី​ធានា​ថា​វា​ត្រូវ​បាន​រក្សាទុក​យ៉ាង​ត្រឹមត្រូវ​។​
  •   ចម្អិន​សាច់​រហូតដល់​កន្លែង​ដែល​មាន​សាច់​ក្រាស់​បំផុត​មាន​កម្តៅ ៧១​អង្សា​សេ និង​សាច់​ពណ៌​ផ្កាឈូក​បាត់អស់​, សាច់​មាន់​ដែល​មាន​ឆ្អឹង ត្រូវ​ចម្អិន​ឱ្យបាន​ដល់​កម្តៅ ៧៧​អង្សា​សេ និង​ចម្អិន​សាច់​ត្រី​ឱ្យ​ស្បែក​របស់​វាប​កបាន​ងាយស្រួល​។ ការ​ចម្អិន​ឱ្យបាន​ត្រឹមត្រូវ​គឺជា​វិធី​តែមួយគត់​ដែល​អាច​ធានាបាន​ថា​ បាក់តេរី​ត្រូវបាន​សម្លាប់​អស់​។​
  •   មិន​ត្រូវ​ភ្លក់​រសជាតិ​អាហារ​មុនពេល​ចម្អិន​នោះទេ ជាពិសេស សាច់ជ្រូក ត្រី និង​ស៊ុត​។​
  •   មិន​ត្រូវ​ឱ្យ​ជាតិ​ទឹក​នៅ​ជាប់​នឹង​សាច់​ឆៅ ធ្លាក់​លើ​អាហារ​ផ្សេង​ទៀត​នោះ​ទេ ព្រោះ​វា​អាច​ចម្លង​បាក់តេរី​ទៅ​អាហារ​ផ្សេងទៀត​។​
  •   ប្រើ​ជ្រុញ​និង​សំភារៈ​ផ្សេង​ទៀត​ផ្សេងៗ​គ្នា​នៅ​ពេល​អ្នក​ប្រើ​ជា​មួយ​សាច់ ​ឆៅ ហើយ​សម្លាប់​មេរោគ​ដោយ​ប្រើ​ទឹក​ក្តៅ​លាង​ក្រោយពេល​ប្រើ ដើម្បី​កាត់បន្ថយ​ការឆ្លង​មេរោគ​។​
  •   លាង​សម្អាត​ផ្លែឈើ​និង​បន្លែ​ឱ្យបាន​ស្អាត​ល្អ​។ ចិត​សម្បក​របស់​វា​ចេញ​និង​បេះ​ស្លឹក​ខាង​ក្រៅ​ចេញ​ចំពោះ​បន្លែ​មាន​ស្លឹក​។​
  •   លាង​សម្អាត​សម្រាប់​គាស់​កំប៉ុង​និង​ជូត​គម្រប​ខាងលើ​ឱ្យ​ស្អាត​ដើម្បី​ បង្ការ​បាក់តេរី​ពី​ការ​លាក់ខ្លួន​នៅ​ទីនោះ​។ គ្រប់​កន្លែង​ដែល​ប៉ះ​ជាមួយ​នឹង​អាហារ​ត្រូវ​លាង​សម្អាត​ឱ្យបាន​ស្អាត​។​
  •   ឧស្សាហ៍​ប្តូរ​ប៉ុង​លាងចាន និង​ប្រើ​ក្រដាស់​ដើម្បី​ជូត​តុ​។​
  •   ដាក់​សាច់​ដែល​កក​ឱ្យ​រលាយ​ក្នុង​ទូ​ទឹក​ក ឬ​រំលាយ​វា​ក្នុង​ម៉ាស៊ីនកម្តៅ​និង​ចម្អិន​វា​ភ្លាម​ក្រោយពេល​វា​រលាយ​។ បាក់តេរី​អាច​លូតលាស់​នៅ​ផ្ទៃ​ខាងលើ នៅពេល​ដែល​ផ្នែក​ខាងក្នុង​នៅ​កក​នៅឡើយ​។ ប្រសិនបើ​អ្នក​ប្រើ​ម៉ាស៊ីនកម្តៅ​ដើម្បី​ឱ្យ​វា​រលាយ អ្នក​ត្រូវ​ធ្វើ​តាម​ការណែនាំ និង​ទុកចន្លោះ​យ៉ាងតិច ៥​សង់ទីម៉ែត្រ ជុំវិញ​សាច់​នោះ​ដើម្បី​ឱ្យមាន​ខ្យល់​ជុំវិញ​។​
  •   ទុក​អាហារ​ដែល​សល់​ក្នុង​ទូរ​ទឹកកក​ភ្លាមៗ បើទោះជា​វា​នៅក្តៅ​ក៏ដោយ​។ ប្រសិនបើ​អាហារ​ច្រើនពេក អ្នក​អាច​បែងចែក​វា​ជា​ប្រអប់​តូចៗ​ដើម្បី​ឱ្យ​ឆាប់​ត្រជាក់​។​
  •   អ្នក​មិន​ត្រូវ​បេះ​ឬ​បរិភោគ​ផ្សិតព្រៃ​នោះទេ​។ ផ្សិតព្រៃ​ខ្លះ​មាន​ជាតិពុល​ដែល​វាយប្រហារ​ប្រព័ទ្ធ​ប្រសាទ​របស់អ្នក និង​អាច​ធ្វើឱ្យ​ស្លាប់​។​
  •   មិន​ត្រូវ​ភ្លក់​អាហារ​កំប៉ុង​ខ្ចប់​ដោយ​ខ្លួនឯង​មុន​ពេល​ដាំ​ឱ្យ​ពុះ​ រយៈពេល ២០​នាទី​នោះ​ទេ​។ ប្រសិនបើ​ខ្ចប់​មិន​បាន​ត្រឹមត្រូវ អាហារ​អាច​នឹង​មាន​បាក់តេរី​ដែល​អាច​ផលិត​ជាតិពុល​ដ៏​សាហាវ​។​
  •   មិន​ត្រូវ​ភ្លក់​អាហារ​ណា​ដែល​មាន​ក្លិន​និង​មើល​ទៅ​មិន​ស្រួល​នោះទេ​។ ជៀសវាង​ការប្រើ​អាហារ​កំប៉ុង​ដែល​ប្រេះ​ឬ​ប៉ោង កំប៉ុង​ឬ​គម្រប​កំពិត ទឹកថ្លា​ដែល​ក្លាយទៅជា​រាង​ដូច​ទឹកដោះគោ ឬ​កំប៉ុង​ណា​ដែល​បើក​មក​ភ្លាម​ហៀរ​ទឹក​ឬ​មាន​ក្លិន​។ វា​អាច​នឹង​មាន​ផ្ទុក​បាក់តេរី​ដែល​អាច​បង្ករ​ឱ្យមាន​គ្រោះថ្នាក់​។ អ្នក​ត្រូវ​បោះ​វា​ចោល​ឱ្យ​បាន​ត្រឹមត្រូវ​ដើម្បី​កុំឱ្យ​សត្វ​ទៅ​ប៉ះពាល់​ នឹង​វា​។​

​គួរ​ធ្វើ​យ៉ាងណា​ពេល​ពុល​អាហារ​?
​ពត៌មាន​ជាច្រើន​ដែល​ចេញផ្សាយ ​ដើម្បី​រំឭក​អ្នក​ពី​បាក់តេរី campylobacter ដែល​មាន​នៅក្នុង​សាច់​, បាក់តេរី Escherichia coli ដែល​មាន​នៅក្នុង​ទឹក​ផ្លែ​ឈើ​ដែល​មិន​បាន​ធ្វើការ​សម្លាប់​មេរោគ និង​បាក់តេរី salmonella ដែល​មាន​នៅក្នុង​ស៊ុត វា​ធ្វើឱ្យ​យើង​ពិបាក​នឹង​គិតថា​មាន​អាហារ​មួយ​មុខ​ណា​ដែល​មាន​សុវត្ថិភាព​ ណាស់​។​
​សាច់សត្វ​ឬ​បក្សី ឆៅ​ឬ​ចម្អិន​មិន​ឆ្អិន ផ្លែឈើ​និង​បន្លែ​ដែល​លាង​សម្អាត​មិនបាន​ត្រឹមត្រូវ និង​អាហារ​មួយចំនួនទៀត អាច​បង្ករ​ឱ្យ​មាន​ការពុល​អាហារ​ដែល​អាច​ប៉ះពាល់​ដល់​អាយុជីវិត​។ បើទោះជា​មាន​ការណែនាំ​ពី​សុវត្ថិភាព​អាហារ និង​ការចុះពិនិត្យ​តាម​ភោជនីយដ្ឋាន​និង​រោងចក្រ​ផលិត​អាហារ​ក៏ដោយ ប៉ុន្តែ​ក្រុម​អ្នក​ស្រាវជ្រាវ​របស់​រដ្ឋាភិបាល បាន​ធ្វើ​ការប៉ាន់ស្មាន​ថា ប្រជាជន​អាមេរិក​មាន​បញ្ហា​ពុល​អាហារ​ប្រហែលជា ៧៦​លាន​នាក់ ជា​រៀងរាល់ឆ្នាំ ដែល​ធ្វើឱ្យ​មនុស្ស ៣២៥.០០០​នាក់ ចូល​មន្ទីរពេទ្យ និង​សម្លាប់​ប្រជាជន​អាមេរិក ៥.០០០​នាក់​។​
​សូម្បី​តែ​ក្នុងករណី​មិន​ ប៉ះពាល់​ដល់​អាយុជីវិត​របស់​អ្នក ក៏​អាច​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​មិន​ស្រួល ដូចជា វិលមុខ ចង់​ក្អួត រាគ ក្អួត រមូល​ពោះ ឈឺក្បាល និង​ក្តៅខ្លួន ផងដែរ​។​
​បាក់តេរី​ពុល​អាច​ចូលទៅ​ក្នុង​អាហារ​តាម​វិធី​ជាច្រើន ដែល​ជា​ទូទៅ​គឺ​មក​ពី​ការ​ចម្អិន​និង​វិធី​ធ្វើ​មិនល្អ​គ្រប់គ្រាន់​។​
​ក្នុងករណី​ណា​ក៏​ដោយ នៅពេល​ដែល​បាក់តេរី​ទាំងនេះ​ចូល​ក្នុង​ខ្លួន​របស់​អ្នក វា​នឹង​ចាប់ផ្តើម​វាយប្រហារ​លើ​ពោះវៀន​របស់​អ្នក​។ ក្នុង​រយៈពេល​ប្រហែលជា​មួយ​ថ្ងៃ អ្នក​នឹង​មាន​អារម្មណ៍​មិន​ស្រួលខ្លួន ព្រោះ​រាង្គ​កាយរ​បស់​អ្នក​ព្យាយាម​ទប់ទល់​នឹង​ការវាយប្រហារ​នោះ​។ ខាងក្រោម​នេះ​គឺជា​អ្វី​ដែល​អ្នកជំនាញ​ណែនាំ​ដើម្បី​ជួយ​រាង្គ​កាយរ​បស់​ អ្នក​ប្រឆាំង​នឹង​ករណី​ពុល​អាហារ​ទាំងនោះ​៖
​ញ៉ាំ​ទឹក​ឱ្យ​ច្រើន​៖ បាក់តេរី​ធ្វើឱ្យ​បំពង់​ពោះវៀន​របស់​អ្នក​រលាក​ឬ​រោល និង​បង្ករ​ឱ្យ​បាត់បង់​ជាតិ​ទឹក​ជាច្រើន​ពី​ការ​រាគ ក្អួត ឬ​ទាំង​រាគ​និង​ក្អួត​។ អ្នក​ត្រូវ​ញ៉ាំ​ទឹក​ឱ្យបាន​ច្រើន​ដើម្បី​ជៀសវាង​ការខ្វះ​ជាតិ​ទឹក​។ ទឹក​ធម្មតា​គឺ​ជា​ជម្រើស​ដ៏​ល្អ បន្ទាប់មក​គឺ​ទឹក​ផ្លែឈើ​ថ្លា ដូចជា ទឹក​ផ្លែ​ប៉​ម ទឹក​ស៊ុប ឬ​ទឹក​សាច់​និង​បន្លែ​ស្ងោរ​។​
  ​វេជ្ជបណ្ឌិត វិន​សិន ហ្គា​រ៉ា​ហ្គូ​ស៊ី (Vincent F. Garagusi) និយាយថា អ្នក​ក៏​អាច​ញ៉ាំ​ភេសជ្ជៈ​បានដែរ ប្រសិនបើ​វា​គ្មាន​ជាតិ​ព​ពុះ​។ បើ​មិន​ដូច្នេះ​ទេ ជាតិ​កាបូន​អាច​ធ្វើឱ្យ​ក្រពះ​របស់​អ្នក​រលាក​។ គាត់​ណែនាំ​ឱ្យ​បំបាត់​ពពុះ​នៅក្នុង​ពពួក​ភេសជ្ជៈ​ទាំងនោះ​ដោយ​ការចាក់​វា​ ចុះ​ឡើង​ពី​កែវ​មួយ​ទៅ​កែវ​មួយទៀត ព្រោះ​វា​ជា​វិធី​ដែល​បំបាត់​ពពុះ​បាន​លឿន​។​
ញ៉ាំ​តិចៗ​និង​យឺតៗ​៖ វេជ្ជបណ្ឌិត ហ្គា​រ៉ា​ហ្គូ​ស៊ី និយាយថា ការព្យាយាម​ញ៉ាំ​ទឹក​ច្រើន​ពេក​ក្នុងពេល​តែមួយ​អាច​ធ្វើឱ្យ​អ្នក​កាន់តែ​ងាយ​ក្អួត​។​
បន្ថែម​ជាតិ​អេឡិចត្រូលីត​៖ ការ​ក្អួត​និង​រាគ អាច​ធ្វើឱ្យ​អ្នក​បាត់បង់​ជាតិ​អេឡិចត្រូឡិច​ដែល​សំខាន់ ដែល​មាន​ដូចជា ប៉ូ​តា​ស្យូម សូ​ដ្យូ​ម និង​គ្លុយកូស​។ អ្នកជំនាញ​ណែនាំ​ថា អ្នក​អាច​រក​ផលិតផល​ដែល​មាន​ស្រាប់​ដូចជា Gatorade​។ ឬ​អ្នក​អាច​សាកល្បង​រូបមន្ត​លាយ​ដោយ​ខ្លួនឯង​៖ ទឹក​ផ្លែឈើ​ចម្រុះ (​សម្រាប់​ប៉ូ​តា​ស្យូម​) ជាម​យ​យ​នឹង​ទឹកឃ្មុំ​ឬ​ទឹកសេរ៉ូ​ពោត កន្លះ​ស្លាបព្រា​កាហ្វេ (​សម្រាប់​គ្លុយកូស​) និង​អំបិល​បន្តិច (​សម្រាប់​សូ​ដ្យូ​ម​)​។​
ហាម​ប្រើ​ថ្នាំបន្សាប​អាស៊ីត​៖ វា​អាច​កាត់បន្ថយ​ជាតិ​អាស៊ីត​ក្នុង​ក្រពះ​របស់​អ្នក​និង​បំបាក់​ការ​ទប់ទល់ ​ប្រឆាំង​នឹង​បាក់តេរី​។ ប្រសិនបើ​អ្នក​ប្រើ​ថ្នាំបន្សាប​អាស៊ី​ត វា​អាច​នឹង​បណ្តាល​ឱ្យ​បាក់តេរី​មានឱកាស​កើតឡើង​កាន់តែ​ច្រើន​និង​កាន់តែ​ លឿន​។​
​កុំ​ប៉ះពាល់​នឹង​ដំណើរការ​របស់​វា​៖ វេជ្ជបណ្ឌិត ដេ​ញ៉ែល រ៉ូ​ដ្រិ​ច (Daniel Rodrigue) ពន្យល់ថា រាង្គ​កាយរ​បស់​អ្នក​កំពុង​តែ​ព្យាយាម​លាងស​ម្អាត​ជាតិពុល​ក្នុង​ខ្លួន​។ ក្នុង​ករណី​ខ្លះ ការប្រើ​ថ្នាំ​បំបាត់​ការ​រាគ អាច​ប៉ះពាល់​ទៅនឹង​សមត្ថភាព​រាង្គ​កាយរ​បស់​អ្នក​ក្នុង​ការប្រឆាំង​នឹង​ ការឆ្លង​។ ដូច្នេះ​អ្នក​មិន​គួរប្រើ​វា​ទេ ដោយ​ទុក​ឱ្យ​ធម្មជាតិ​ជា​អ្នក​ព្យាបាល​។ ប្រសិនបើ​អ្នក​ត្រូវ​ការប្រើ​ថ្នាំ​អ្វី​មួយ​នោះ អ្នក​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជាមុនសិន​។​
​ចាប់ផ្តើម​ដោយ​អាហារ​ងាយស្រួល​រំលាយ​៖ ជា​ទូទៅ​ក្នុង​រយៈពេល​ពី​ប៉ុន្មាន​ម៉ោង​ទៅ​មួយ​ក្រោយពេល​ការ​រាគ​និង​ក្អួត​ របស់​អ្នក​បាន​បាត់ អ្នក​អាច​ញ៉ាំ​អាហារ​បាន​ធម្មតា​វិញ​ហើយ​។ ប៉ុន្តែ​អ្នក​ត្រូវ​ញ៉ាំ​តាម​សម្រួល​។ ក្រពះ​របស់​អ្នក​ត្រូវ​បាន​វាយប្រហារ វា​មាន​សភាព​ចុះខ្សោយ​និង​រលាក​។ អ្នកជំនាញ​ណែនាំ​ឱ្យ​អ្នក​ចាប់ផ្តើម​ញ៉ាំ​អាហារ​ដែល​ក្រពះ​ងាយស្រួល​រំលាយ​។ ជៀសវាង​អាហារ​មាន​រសជាតិ​ហឹរ សម្បូរ​ជាតិ​សរសៃ មាន​ជាតិ​អាស៊ី​ត សម្បូរ​ខ្លាញ់ ផ្អែម​ពេក ឬ​អាហារ​ផលិត​ពី​ទឹកដោះគោ ដែល​អាច​ធ្វើឱ្យ​ក្រពះ​រលាក​កាន់តែខ្លាំង​។ សាកល្បង​ការ​ញ៉ាំ​បែប​នេះ​រយៈពេល​មួយ​ឬ​ពីរ​ថ្ងៃ​។ បន្ទាប់​មក​អ្នក​អាច​បរិភោគ​តាម​ធម្មតា​វិញ​ហើយ​។​ (ដកស្រង់ចេញពីគេហ័ទំព័រសុខភាពhttp://health.com.kh)

No comments:

Post a Comment